Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ច...

កូរ៉េខាងជើង ចោទប្រកាន់អាមេរិក កំពុងធ្វើឲ្យប៉ះពាល់ដល់ ដំណើរផ្សះផ្សារប្រទេសកូរ៉េទាំងពីរ

កូរ៉េ: រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្សះផ្សារអន្តរកូរ៉េ រួមទាំងធ្វើឲ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨។

នៅក្នុងលិខិតមួយផ្ញើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ លោក Ri បាននិយាយថា «លទ្ធផលល្អ គឺត្រូវបានធ្វើឡើងតាមរយ:កិច្ចពិភាក្សាអន្តរកូរ៉េ ហើយការថមថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ក៏ត្រូវបានស្វាគមន៍ពីសង្គមអន្ដរជាតិផងដែរ»។

ខណ:នោះលោកបានបន្ថែមថា ទោះជាយ៉ាងនេះក្ដីក៏អាជ្ញាធរអាមររិក នៅតែព្យាយាមធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដោយការបញ្ជូនទ្រព្យសម្បត្តិយោធា ក្នុងនោះរួមទាំងយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ដែលកំពុងធ្វើដំណើរមកកាន់បរិវេណឧបទ្វីបកូរ៉េ ចំពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងរៀបចំសន្តិភាពជាមួយគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Ri បានបញ្ជាក់ទៀតថា អាមេរិកក៏ធ្លាប់បាននិយាយដោយបើកចំហផងដែរថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការប្រកួតកីទ្បាអូឡាំពិករដូវរងានាពេលខាងមុខ។

ដោយលោក Ri ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ មិនត្រូវឱបដៃឈរមើលចំពោះស្ថានភាពដ៏គ្រោះថ្នាក់ ដែលបង្កទ្បើងដោយអាមេរិក នៅជុំវិញឧបទ្វីបកូរ៉េ ក៏ដូចជាធ្វើឲ្យពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ៕

Loading...