ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជំរុញឲ្យអាមេរិកបន្តកិច្ចចរចាទៅលើប្រព័ន្ធការពារមីស៊ីល ជាមួយខ្លួន

រុស្ស៊ី: កាសែតក្នុងស្រុកបានដកស្រង់សម្តីអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ក្រុងមូស្គូ និងវ៉ាស៊ីនតោន គួរតែបន្តកិច្ចចរចាទៅលើប្រព័ន្ធការពារមីស៊ីល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨។

នៅក្នុងបទសម្ភាសមួយ ជាមួយកាសែត Izvestia លោក Ryabkov បានលើកទ្បើងអំពីភាពជាប់ពាក់ព័ន្ធ រវាងអាមេរិក និងរុស្ស៊ីកាន់តែខ្លាំងឡើង ជុំវិញបញ្ហាប្រព័ន្ធការពារមីស៊ីល ដោយលោកបញ្ជាក់ថា ភាពទាក់ទិនគ្នានេះ គឺមិនអាចកាត់ផ្ដាច់បានទ្បើយ រវាងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង និងការពារមីស៊ីល ដែលត្រូវបានកំណត់ក្នុងសន្ធិសញ្ញាកាត់បន្ថយ និងដាក់កំហិតលើអាវុធ ហៅកាត់ថា START ។

ក្នុងនោះលោក Ryabkov បានបន្ថែមថា មិនទាន់មានការសន្ទនាជាក់លាក់ និងជាក់ស្តែងណាមួយស្ដីពីសន្ធិសញ្ញានេះ ជាមួយអាមេរិក អស់រយ:ពេលជាយូរមកហើយ ដែលពេលនេះ វាគួរតែត្រូវបានបន្តការពិភាក្សា សម្រាប់ប្រទេសទាំងពីរ។

សូមជំរាបថា ចាប់តាំងពីសន្ធិសញ្ញា START ថ្មី ចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភ:ឆ្នាំ ២០១១ កន្លងទៅ បានតម្រូវឲ្យអាមេរិក និងរុស្ស៊ីកំណត់បរិមាណផលិតអាវុធយុទ្ធសាស្ត្ររបស់ពួកគេ៕

មតិយោបល់