Post News Media ព័ត៌មានអន្តរជាតិ អាមេរិក និងចិ...

អាមេរិក និងចិន អះអាងជាថ្មីនូវជំហររបស់ពួកគេ ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង

អាមរិក: រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងអ្នកការទូតជាន់ខ្ពស់ចិន លោក Yang Jiechi កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការដាក់សម្ពាធលើក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨។

លោក Yang បានធ្វើដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃ ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ខណ:រូបលោក ត្រូវបានគេរំពឹងទុកថា នឹងជួបពិភាក្សាជាមួយលោក Rex ទៅលើទំនាក់ទំនងសេដ្ឋកិច្ចរវាងក្រុងប៉េកាំង និងវ៉ាស៊ីនតោន បន្ទាប់ពីមានការព្រួយបារម្ភនូវសកម្មភាពជាច្រើននាពេលថ្មីៗ ជុំវិញសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បានប្រាប់នៅក្នុងសន្និសីទកាសែតមួយថា ភាគីទាំងពីរ បានអះអាងពីការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរជាថ្មី ដើម្បីបន្តដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ដោយលោក Nauert បានបន្ថែមថា លោក Tillerson និងលោក Yang បានឯកភាពលើសារ:សំខាន់ នៃការបន្តទំនាក់ទំនង រវាងគ្នាប្រកបដោយការស្ថាបនា និងមានផលប្រយោជន៏សម្រាប់ប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការ ដោះស្រាយលើបញ្ហាប្រឈម និងភាពខុសគ្នារបស់យើងផងដែរ៕

Loading...