ព័ត៌មានអន្តរជាតិ

យោធាអាមេរិក នៅស៊ីរី កំពុងតម្រង់គោលដៅប្រយុទ្ធទៅកាន់រុស្ស៊ី អ៊ីរ៉ង់ និងតួកគី

តួកគី: ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា វត្តមានយោធាអាមេរិក ដែលនៅសល់ក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញក្រុមសកម្មប្រយុទ្ធ Daesh ចេញពីប្រទេសនេះ កំពុងតម្រង់គោលដៅប្រយុទ្ធ មកលើទាហានតួកគី រុស្ស៊ី និងអ៊ីរ៉ង់ហើយ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨។

មេដឹកនាំតួកគី បានចោទប្រកាន់អាមេរិក ពីបទធ្វើឲ្យបរាជ័យ ខណ:មិនគោរពតាមការសន្យារបស់ខ្លួន ក្នុងការដកកងទ័ពចេញពីទីក្រុង Manbij ប្រទេសស៊ីរី ដែលបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយពួកឃឺដ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកជំនាញអ៊ីរ៉ង់ ក៏បានយល់ស្របទៅនឹងការកត់សម្គាល់របស់ លោក Erdogan ផងដែរ ដោយបានលើកទ្បើងថា អាមេរិកមិនសប្បាយចិត្តនោះទេ ចំពោះឥទ្ធិពលរបស់រុស្ស៊ី និងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

លោក Mosayeb Naimi អ្នកវិភាគនយោបាយអ៊ីរ៉ង់ និងជាអ្នកជំនាញខាងកិច្ចការមជ្ឈឹមបូព៌ា ដែលគេស្គាល់ថា ជានាយកប្រតិបត្តិនៃកាសែតអារ៉ាប់ al-Vefagh របស់រដ្ឋអ៊ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបន្តគោលដៅរបស់ពួកគេជាច្រើន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបរាជ័យរបស់ខ្លួន នៅក្នុងតំបន់។

ដោយជំហានទី១ យោធាអាមេរិកចង់បង្ខូចឈ្មោះបណ្តាប្រទេស ដែលគាំទ្រដល់ការដឹកនាំរបស់ប្រធានាធិបតីស៊ីរីលោក Bashar Assad ជាពិសេសប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ហើយទី២ ពួកគេបានជំរុញឲ្យមានវិបត្តិនៅក្នុងប្រទេសស៊ីរី ក្រោមរូបភាព បង្ហាញការអភិវឌ្ឍដ៏ល្អរបស់ពួកគេ នៅក្នុងប្រទេសមួយនេះ តែធាតុពិតជាក់ស្ដែង ពួកគេបានប្រព្រឹត្តិឧក្រិដ្ឋកម្ម ហើយដើរចោទដាក់អ្នកដទៃ ជាមួយការជួយពីពួកសកម្មប្រយុទ្ធ Daesh៕

មតិយោបល់