ព័ត៌មានអន្តរជាតិ

ទីតាំងធ្លាក់យន្តហោះ សម្លាប់មនុស្ស ៧១ នាក់នៅរុស្ស៊ី គ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងខ្លាំង

រុស្ស៊ី: ប្រភពពីក្រុមមន្ត្រីបាននិយាយថា ទីតាំងធ្លាក់យន្តហោះរុស្ស៊ី ដែលបានសម្លាប់មនុស្ស ៧១ នាក់ ត្រូវបានគ្របដណ្តប់ដោយព្រិលធ្លាក់យ៉ាងខ្លាំង ដោយបង្កឲ្យមានផលលំបាក ដល់ភ្នាក់ងារសង្គ្រោះបន្ទាន់ ខណ:ពួកគេបានបង្ខំចិត្តចតរថយន្ត ដើម្បីដើរ ឯអ្នកផ្សេងទៀត បានប្រើម៉ូតូព្រិល និងប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទៅពិនិត្យមើលកន្លែងកើតហេតុ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨។

ជើងហោះហើរលេខ៧០៣ របស់ក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានធ្វើដំណើរចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី បានធ្លាក់ក្បែរភូមិ Argunovo ចម្ងាយជាង៨០គីឡូម៉ែត្រពីភាគខាងត្បូងឆៀងខាងលិចទីក្រុងម៉ូស្គូ។

ដោយក្រសួងគ្រាអាសន្នរបស់ប្រទេសនេះ បាននិយាយថា មនុស្សជាង ៤០០នាក់ និងរថយន្ត ៧០ គ្រឿងត្រូវបានដាក់ពង្រាយ នៅកន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានចេញបញ្ជាឲ្យគណ:រដ្ឋមន្ត្រីរបស់លោក បង្កើតគណ:កម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតផងដែរ ៕

មតិយោបល់