ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រាប់លោក ពូទីន នូវជំហានជាច្រើន ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានត្អូញត្អែរកាលពីខែមុនថា ទីក្រុងម៉ូស្គូពុំបានជួយដល់ក្រុងវ៉ាស៊ីនតោន ក្នុងការចាត់វិធានការលើកូរ៉េខាងជើងនោះទេ ដោយលោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃច័ន្ទថា នឹងមានតម្រូវការបន្ថែមទៀត ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨។

ប្រភពពីសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីលោក ត្រាំ បានបញ្ជាក់ជាថ្មីអំពីសារ:សំខាន់ នៃការចាត់វិធានការបន្ថែមទៀត ជាមួយលោក ពូទីន ដើម្បីធានានូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយភ្នាក់ងាររ៉យទ័រកាលពីខែមុន លោក ត្រាំ បានចោទប្រកាន់រុស្ស៊ីថា បានជួយកូរ៉េខាងជើងឲ្យគេចផុត ពីការដាក់ទណ្ឌកម្មអន្តរជាតិ ចំពោះការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលអាចវាយប្រហារដល់អាមេរិក។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងម៉ូស្គូបានធ្វើការបដិសេធផងដែរ ដោយបាននិយាយថា ខ្លួនមិនបានធ្វើឲ្យបរាជ័យ សម្រាប់គាំទ្រការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនោះទេ៕

មតិយោបល់