ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ធ្វើមាតុភូមិនិវត្តន៍ពលករខ្លួនពីប្រទេសគុយវ៉ែត ក្រោយធ្លាយដំណឹងឃាតកម្ម និងរំលោភផ្លូវភេទ

ហ្វីលីពីន: នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកអាជ្ញាធរកំពុងធ្វើមាតុភូមិនិវត្តន៍ ដល់ប្រជាជនហ្វីលីពីនពីប្រទេសគុយវែត ក្រោយទទួលបានព័ត៌មានកេងប្រវ័ញ្ចផលប្រយោជន៍ពីពលករខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨។

រដ្ឋាភិបាលក្រុងម៉ានីល បានចេញវិធានការថ្មី ស្ដីពីការហាមឃាត់ប្រជាជនហ្វីលីពីន កុំឲ្យទៅធ្វើការនៅប្រទេសគុយវ៉ែត រួមទាំងពលករដែលបានទទួលលិខិតអនុញ្ញាតការងារ នៅប្រទេសឈូងសមុទ្រនេះកន្លងមកផងដែរ។

វិធានការនេះ បានកើតទ្បើងបន្ទាប់ពីសាកសពស្ត្រីហ្វីលីពីនម្នាក់ ឈ្មោះថា Joanna Demafelis អាយុ ២៩ ឆ្នាំ ជាកម្មករបំរើតាមផ្ទះ ត្រូវបានគេរកឃើញនៅក្នុងទូទឹកកករបស់ផ្ទះល្វែងមួយខ្នង ស្ថិតនៅប្រទេសគុយវ៉ែត កាលពីសប្តាហ៍មុន។

យោងតាមរបាយការណ៍ក្នុងតំបន់ បានឲ្យដឹងថា សាកសពនោះ ត្រូវបានគេសង្ស័យថា បានដាក់ចូលនៅក្នុងទូទឹកកកអស់រយ:ពេលជាងមួយឆ្នាំមកហើយ។

អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន សម្រាប់កិច្ចការពលករចំណាកស្រុក លោក Sarah Arriola បាននិយាយថា រដ្ឋាភិបាលនឹងចំណាយលើថ្លៃសំបុត្រយន្តហោះ និងការផាកពិន័យសម្រាប់ការស្នាក់នៅហួសពេលកំណត់ ចំពោះប្រជាជនចំណាកស្រុកទាំងនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីលោក Rodrigo Duterte ក៏បានរិះគន់យ៉ាងខ្លាំងទៅកាន់ប្រទេសគុយវ៉ែតផងដែរ ជុំវិញរបាយការណ៍របស់កម្មករហ្វីលីពីន ដែលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចបែបនេះ៕

មតិយោបល់