ព័ត៌មានអន្តរជាតិ

ជំនួបមេដឹកនាំ​កូរ៉េ​ទាំង​ពីរ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែងដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ ប្រឆាំងកូរ៉េ​ខាង​ជើង

កូរ៉េ: ក្រោយការអញ្ជើញ​របស់​គណ:ប្រតិភូ​ជាន់ខ្ពស់កូរ៉េ​ខាង​ជើង​មកកាន់ប្រទេសកូរ៉េខាងត្បូង និងការស្នើ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​លោក មូន ជែអ៊ីន ទៅ​ធ្វើ​កិច្ចប្រជុំកំពូលមួយ ​នៅ​​ទីក្រុង​ព្យុងយ៉ាង អ្នកវិភាគមួយចំនួន បាននិយាយថា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ការទូត​របស់​រដ្ឋាភិបាល​​អាមេរិក ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ​ឲ្យ​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និងមីស៊ីលរបស់​ខ្លួន។ នេះបើយោងតាមសារព័ត៌មា​ន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨។

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​អញ្ជើញ​លោក មូន ជែអ៊ីន ធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង តាម​រយ:​ប្អូន​ស្រី​របស់​លោក បន្ទាប់ពីលោកស្រី គីម យ៉ូ​ចុង បាន​ធ្វើ​ទស្សនកិច្ច​នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង សម្រាប់​ព្រឹត្តិការណ៍ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង PyeongChang ។

សម្រាប់គំនិត​ផ្ដួចផ្ដើមឲ្យមានទំនាក់ទំនងការទូតរវាងកូរ៉េទាំងពីរ ​ដោយក្រុងព្យុងយ៉ាង​នេះ ​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ ជា​អតិបរមា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​ការទូត​លើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង។

ពាក់ព័ន្ធនឹងបញ្ហានេះ ​អ្នក​វិភាគ​នានានៅអាមេរិក ​បាន​និយាយ​ថា វិធានការ​របស់​កូរ៉េ​ខាង​ជើង​ ​អាច​ធ្វើ​ឲ្យ​លោក មូន ជែអ៊ីន មាន​ការ​ខ្វែង​គំនិត​គ្នា ​ជាមួយ​នឹង​រដ្ឋាភិបាល​​លោក ត្រាំ៕

មតិយោបល់