ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរងចាំសញ្ញាពីកូរ៉េខាងជើង ជុំវិញការត្រៀមខ្លួនចរចា ជាមួយក្រុងវ៉ាស៊ីនតោន

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យថា លោកកំពុងរងចាំសញ្ញាដែលថា កូរ៉េខាងជើងត្រៀមខ្លួន ចូលរួមកិច្ចចរចារដោយផ្ទាល់ជាមួយអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨។

ថ្លែងតាមកម្មវិធីទូរទស្សន៍ CBS រយ:ពេល ៦០ នាទី លោក Tillerson បាននិយាយថា «ការងាររបស់ខ្ញុំ គឺជាប្រមុខការទូត ដើម្បីធានាដល់ប្រជាជនកូរ៉េខាងជើងឲ្យបានដឹងថា អាមេរិកនៅតែរក្សាជំហរបើកចំហ សម្រាប់កិច្ចចរចា»។

ដោយលោកបានបន្ថែមថា «ឥទ្បូវនេះ ខ្ញុំកំពុងរងចាំសញ្ញាពួកគេ ហើយខ្ញុំក៏មិនចាំបាច់ត្រូវផ្ញើសារដដែលៗទ្បើងវិញនោះទេ ព្រោះវាគ្មានអ្វីដែលត្រូវនិយាយទៅកាន់ពួកគេទៀតទេ ដូច្នេះការងារខ្ញុំនៅពេលនេះ គឺកំពុងរងចាំស្ដាប់ការនិយាយរបស់អ្នក (កូរ៉េខាងជើង) ប្រាប់មកខ្ញុំថា អ្នកត្រៀមខ្លួនបើកកិច្ចចរចា ជាមួយអាមេរិក»។

សូមជំរាបថា ក្រោយពីទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហាក់មានភាពប្រសើរទ្បើងនោះ បានធ្វើឲ្យមានការលើកឡើង នូវការរំពឹងទុកថា កិច្ចចរចាដោយផ្ទាល់រវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង អាចនឹងខិតចូលកាន់តែជិតនាពេលខាងមុខ បន្ទាប់ពីមានភាពតានតឹង និងវឹកវរយ៉ាងខ្លាំង នៅលើឧបទ្វីបកូរ៉េអស់រយ:ពេលជាច្រើនខែកន្លងមក៕

មតិយោបល់