ព័ត៌មានអន្តរជាតិ

សង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន សម្លាប់មនុស្សជាង ២០ពាន់នាក់

ហ្វីលីពីន: សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង នៅប្រទេសហ្វីលីពីន បាននិយាយថា ចំនួនអ្នកស្លាប់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល បានកើនឡើងលើសពី ២០ ពាន់នាក់ ចាប់តាំងពីប្រធានាធិបតី លោក Rodrigo Duterte បានឡើងកាន់អំណាចនៅឆ្នាំ ២០១៦កន្លងមក។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨។

នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃពុធសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក Antonio Trillanes បាននិយាយថា បុគ្គលិកមន្ត្រីផ្ទាល់របស់រដ្ឋបាលលោក Duterte ចំនួន ៣,៩៦៧ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីរងការចោទប្រកាន់ថា ប្រឆាំងនឹងការចាប់ខ្លួន អំឡុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ប៉ូលិសចន្លោះថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៦ និងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០១៧ ។

ដោយទ្បែកករណីសម្លាប់មនុស្សចំនួន ១៦,៣៥៥ នាក់ផ្សេងទៀត នៅក្នុងប្រតិបត្តិនេះ បានធ្វើទ្បើងចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ ២០១៦ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០១៧ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។

តាមប្រភពដដែល បានបន្ថែមថា មនុស្សចំនួន ១១៨,២៨៧ នាក់ ត្រូវបានឃាត់ខ្លួន និង ១,៣០៨,០៧៨ នាក់ទៀត ត្រូវបានចាប់ប្រគល់ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្នុងអំឡុងពេលដូចគ្នាផងដែរ។

សូមជំរាបថា តួលេខមនុស្សទាំងអស់នេះ ត្រូវបានគេចុះបញ្ជីជាស្នាដៃមួយ នៅក្នុងឯកសារផ្លូវការ ដែលមានចំណងជើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕

មតិយោបល់