ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ខណៈលោក ត្រាំ ព្រមានថា ពិភពលោកនឹងជួបរឿងអកុសល…

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបម្រុងទណ្ឌកម្មដ៏ធំបំផុត ដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងជើង ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានផងដែរថា ពិភពលោកអាចជួបរឿងអកុសល ប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង មិនត្រូវបានដំណើរការនោះ។

តាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក បានឲ្យដឹងថា នៅក្នុងដំណោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខដ៏ធំបំផុតរបស់រដ្ឋបាលលោក ត្រាំ គឺអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលម្នាក់ និងក្រុមហ៊ុនចំនួន ២៧ រួមទាំងនាវា ២៨ គ្រឿងរបស់កូរ៉េខាងជើង។

ក្នុងនោះអាមេរិក ក៏បានស្នើឲ្យមានចុះឈ្មោះអង្គភាពជាច្រើន ទៅក្នុងបញ្ជីខ្មៅនៃការដាក់ទណ្ឌកម្ម ដាច់ដោយឡែកពីគ្នារបស់អង្គការសហប្រជាជាតិ ដែលវាជាវិធានការមួយ សំដៅដល់កាត់បន្ថយសកម្មភាពរត់ពន្ធ តាមដែនសមុទ្រខុសច្បាប់របស់កូរ៉េខាងជើង ដើម្បីទទួលបានប្រេង និងការលក់ធ្យូងថ្ម។

សូមជំរាបថា ប្រទេសកូរ៉េខាងជើង កំពុងអភិវឌ្ឍមីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពអាចវាយប្រហារដល់អាមេរិក ហើយតាមរយ:ការផ្លាស់ប្ដូររបស់លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើឲ្យមានការព្រួយបារម្ភអំពីសង្គ្រាមផងដែរ៕

មតិយោបល់