ព័ត៌មានអន្តរជាតិ

ជនប៉ាឡេស្ទីនជាង១,០០០ នាក់ ត្រូវបានស្លាប់បន្ទាប់ពី ការបិទផ្លូវគមនាគមន៍របស់អ៊ីស្រាអែល

ប៉ាឡេស្ទីន: ក្រុមអង្គការសប្បុរសធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ១,០០០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការបិទផ្លូវគមនាគមន៍របស់អ៊ីស្រាអែល មិនឲ្យពួកគេធ្វើដំណើរចេញចូល នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យ អ្នកសម្របសម្រួលនៃអង្គការលោក Ahmad al-Kurd បាននិយាយថា ទារកមិនគ្រប់ខែចំនួន ៨នាក់ ដែលបានកើតកាលពីពីរបីថ្ងៃមុន បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយមិនអាចចេញទៅស្វែងរកកន្លែងព្យាបាលបាន។

ក្នុងចំណោមជនរងគ្រោះស្លាប់ទាំងនោះ គឺមានមនុស្ស ៤៥០ នាក់ បានស្លាប់ដោយសារស្ថានភាពសុខភាពរបស់ពួកគេចុះទ្រុឌទ្រោម នៅតំបន់ហ្គាហ្សា ដូចជាការខ្វះការផ្គត់ផ្គង់ថ្នាំ និងវិបត្តិនៃការបញ្ជូនឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ការព្យាបាលមកពីខាងក្រៅ។

សូមជំរាបថា តំបន់ហ្គាហ្សានៅតែបន្តប្រឈមមុខ នឹងស្ថានការណ៍អស់សង្ឃឹម ដោយសារការរារាំងពីអាជ្ញាធរអ៊ីស្រាអែល ជាមួយការខ្វះខាតទឹក អគ្គីសនី ក៏ដូចជាកង្វះឱសថ ខណ:ដែលក្រុមគ្រូពេទ្យមិនអាចធ្វើការវះកាត់បាន៕

មតិយោបល់