ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រតិកម្មចំពោះយន្តហោះយោធាចិន ចូលក្នុងដែនអាកាសរបស់ខ្លួន

កូរ៉េ: ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសខ្លួន បានកោះហៅឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃអង្គារ ដើម្បីដាក់ពាក្យបណ្តឹងលើយន្តហោះយោធារបស់ក្រុងប៉េកាំង ដែលបានហោះចូលមកក្នុងដែនការពារអាកាសរបស់ទីក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ទ៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨។

មន្ត្រីការពារជាតិកូរ៉េខាងត្បូងម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រថា កាលពីថ្ងៃអង្គារ យន្តហោះចិន បានហោះហើរអស់រយ:ពេលជាង៤ ម៉ោង នៅក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង (KADIZ) ដែលជំរុញឲ្យកូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំងខ្លួនជាច្រើនគ្រឿង ដើម្បីធ្វើការតាមដានវា។

យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ឯកអគ្គរដ្ឋទូតចិន លោក Qiu Guohong បានឲ្យដឹងថា ការហោះហើរនៃយន្តហោះយោធា របស់ពួកគេ ចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង គឺដោយសារជួបរឿងអកុសល ហើយខ្លួននឹងទប់ស្កាត់មិនឲ្យករណីនេះ កើតមានឡើងម្តងទៀតទ្បើយ៕

មតិយោបល់