Post News Media ព័ត៌មានអន្តរជាតិ អាមេរិក និងកូ...

អាមេរិក និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នានៅខែក្រោយ

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន និងសេអ៊ូល បានព្រមព្រៀងធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅដើមខែខាងមុខនេះ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

កាលពីខែមករាកន្លងទៅ កូរ៉េខាងត្បូង និងអាមេរិក បានពន្យាពេលធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ ដែលគេឲ្យឈ្មោះថា Key Resolve និង Foal Eagle រហូតទាល់តែបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅកូរ៉េខាងត្បូង ដើម្បីជួយបង្កើតលក្ខខណ្ឌដ៏ប្រសើរ សម្រាប់កិច្ចពិភាក្សារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។

យ៉ាងណាមិញយោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទថា សមយុទ្ធនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសាខាងមុខ ហើយវានឹងមានកម្រិតប្រហាក់ប្រហែលគ្នា ទៅនឹងសមយុទ្ធដូចឆ្នាំមុនៗផងដែរ។

ដោយឡែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា សមយុទ្ធរួមគ្នារបស់ពួកគេ គឺមានទិសដៅដើម្បីការពារប្រទេសប៉ុណ្ណោះ ហើយក៏មិនមានហេតុផលណាមួយ សម្រាប់ឲ្យកូរ៉េខាងជើងចាត់ទុកថា វាជាការបង្កហេតុនោះទ្បើយ៕

Loading...