ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បញ្ជូនយន្តហោះ និងនាវាចម្បាំងខ្លួន ដើម្បីអង្កេតក្រុមកងទ័ពចិន

តៃវ៉ាន់: យន្តហោះចម្បាំងកោះតៃវ៉ាន់ បានហោះចេញយ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមដានក្រុមនាវាដឹកយន្តហោះចិន ឆ្លងកាត់ច្រកសមុទ្រដែនទឹកខ្លួន កាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ក្រុងតៃប៉ិ នឹងប្រឈមការដាក់ទណ្ឌកម្ម ចំពោះប្រវត្តិសាស្ត្រ ប្រសិនបើកោះមួយនេះ ចង់ស្វែងរកឯករាជ្យភាពនោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា នាវាផ្ទុកយន្តហោះ Liaoning បានដឹកនាំក្រុមកងនាវាចរមួយក្រុម មកពីកងទ័ពរំដោះប្រជាជនចិន ឆ្លងកាត់តាមរយ:ផ្លូវទឹកតូចចង្អៀតរវាងចិន និងកោះតៃវ៉ាន់។

ប្រភពដដែលបានកត់សម្គាល់ថា វត្តមាននៃនាវាផ្ទុកយន្តហោះនោះ វាមិនធ្វើឲ្យស្ថានការណ៍ប្រែប្រួល ឬមានការព្រួយបារម្ ភសម្រាប់ប្រជាជនកោះតៃវ៉ាន់នោះទេ ដោយយន្តហោះ និងនាវាចម្បាំងរបស់កោះតៃវ៉ាន់ បានដេញតាមយ៉ាងប្រកិត ខណ:ពេលដែលវាបានឆ្លងកាត់ច្រកសមុទ្រខ្លួន។

សូមជំរាបថា ភាពតានតឹងរវាងក្រុងតៃប៉ិ និងប៉េកាំង បានកើនឡើងកាលពីសប្តាហ៍មុន នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើគោលនយោបាយថ្មីមួយ ដែលអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ ធ្វើដំណើរទស្សនកិច្ចទៅកាន់អាមេរិក។

ការផ្លាស់ប្តូរនេះ បានធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ខណ:ដែលចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុណ្ណោះ មិនមែនជារដ្ឋអធិបតេយ្យនោះទេ៕

មតិយោបល់