Post News Media ព័ត៌មានអន្តរជាតិ ចិន អះអាងថា ម...

ចិន អះអាងថា មិនខ្លាចសង្គ្រាមពាណិជ្ជកម្ម ហើយគំរាមអាមេរិកវិញ ជាមួយពន្ធនាំចូល

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានដល់ក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនខ្លាចសង្គ្រាមពាណិជ្ជកម្ម ជាមួយអាមេរិកនោះទេ ដោយគំរាមសងសឹកទៅវិញលើពន្ធនាំចូល ដែលមានតម្លៃទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា សម្រាប់ការដាក់កម្រិតនូវតម្លៃនាំចូលទំនិញរបស់ចិនបន្ថែមចំនួន ៦០ ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រព័ត៌មានក្រុងប៉េកាំង បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនកំពុងពិចារណាបង្កើនពន្ធលើផលិតផលអាមេរិកចំនួន ១២៨ មុខ ដែលនាំចូលមកកាន់ប្រទេសចិន ក្នុងនោះរួមមានផ្លែឈើ គ្រាប់ស្វាយចន្ទី សាច់ជ្រូក និងអាលុយមីញ៉ូមកែច្នៃឡើងវិញ។

តាមរយ:ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ បានធ្វើឲ្យផ្សារហ៊ុនអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដោយសន្ទស្សន៍ហ៊ុន Nikkei របស់ក្រុងតូក្យូ បានធ្លាក់ចុះ ៤,៥ ភាគរយ ហើយផ្សារហ៊ុន Hang Seng នៅទីក្រុងហុងកុង បានធ្លាក់ចុះ ២,៥ ភាគរយ។

ក្រុងប៉េកាំង បានទទូចថា គួរតែមានការដោះស្រាយអំពីបញ្ហានេះ តាមរយ:កិច្ចចរចា ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ ដែលចេញកាលពីថ្ងៃសុក្រ ដោយស្ថានទូតចិន នៅអាមេរិក បាននិយាយថា «ប្រសិនបើសង្រ្គាមពាណិជ្ជកម្មនេះ ត្រូវបានផ្តួចផ្តើមដោយអាមេរិកនោះ ចិននឹងប្រយុទ្ធជាមួយវារហូតដល់ទីបញ្ចប់»៕

Loading...