Post News Media ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង អ...

កូរ៉េខាងជើង អាចនឹងពិចារណាឡើងវិញ អំពីកិច្ចប្រជុំកំពូល ជាមួយលោក ត្រាំ

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ បានបង្ហាញមន្ទិលសង្ស័យអំពីកិច្ចប្រជុំកំពូល ដែលមិនធ្លាប់មានពីមុនមក រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយកើនទ្បើងការគំរាមកំហែងផ្នែកការទូត អស់រយ:ពេលជាច្រើនសប្តាហ៍ ដោយនិយាយថា ខ្លួនអាចនឹងពិចារណាឡើងវិញ ប្រសិនបើក្រុងវ៉ាស៊ីនតោន ទទូចឲ្យមានការដកអាវុធនុយក្លេអ៊ែរជាឯកតោភាគីនោះ។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុងព្យុងយ៉ាង បានលុបចោលកិច្ចចរចាកម្រិតខ្ពស់ ជាមួយទីក្រុងសេអ៊ូល ដែលជាសញ្ញាដំបូងបង្ហាញពីបញ្ហា នៃទំនាក់ទំនងប្រទេសទាំងពីរ ចាប់ផ្ដើមរង្គោះរង្គើ។

អនុរដ្ឋមន្ត្រីការបរទេសទី១ លោក Kim Kye Gwan បាននិយាយថា ជោគវាសនានៃកិច្ចប្រជុំកំពូល រវាងកូរ៉េខាងជើង និងអាមេរិក ក៏ដូចជាទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ នឹងច្បាស់លាស់ ប្រសិនបើក្រុងវ៉ាស៊ីនតោន និយាយអំពី ការរំសាយអាវុធបែបប្រទេសលីប៊ី សម្រាប់កូរ៉េខាងជើង។

ប៉ុន្តែប្រសិនបើអាមេរិក ព្យាយាមជំរុញ ឬចូលជ្រៀតជ្រែកដើម្បីបង្ខំឲ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដោយឯកតោភាគីនោះ យើងក៏គ្មានអ្វីត្រូវចាប់អារម្មណ៍ នឹងកិច្ចប្រជុំបែបនេះតទៅទៀតដែរ៕

Loading...