Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ ប្រ...

លោក ត្រាំ ប្រាប់ លោក គីម ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ដោយព្រមានបញ្ចប់របបកូរ៉េខាងជើងដូចអតីតមេដឹកនាំលីប៊ី

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់ការធានាដល់កូរ៉េខាងជើង ដោយសន្យាថា លោក គីម ជុងអ៊ុន នឹងនៅតែបន្តកាន់កាប់អំណាច ប្រសិនបើមេដឹកនាំរូបនេះ ព្រមបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែក៏បានព្រមានផងដែរថា របបមួយនេះ អាចនឹងបញ្ចប់ដូចអតីតមេដឹកនាំប្រទេសលីប៊ី ប្រសិនបើលោក គីម មិនព្រមធ្វើតាមនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកិច្ចប្រជុំកំពូល ដែលបានគ្រោងទុករបស់មហាអំណាច ជាមួយមេដឹកនាំកូរ៉េខាងជើង លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងព្យុងយ៉ាង នឹងទទួលបានការការពារ ដែលនឹងមានភាពខ្លាំងក្លា ប្រសិនបើកិច្ចប្រជុំនាពេលខាងមុខ ត្រូវធ្វើទ្បើង និងបញ្ចប់ដោយភាពជោគជ័យ។

ដោយលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «លោក គីម នឹងបន្តការកាន់អំណាច និងដឹកនាំប្រទេសរបស់ខ្លួន ហើយប្រទេសរបស់លោក នឹងក្លាយជាប្រទេសអ្នកមាន»។

យ៉ាងណាមិញលោកក៏គំរាមផងដែរថា ប្រសិនបើកិច្ចចរចារនាពេលខាងមុខបរាជ័យ លោក គីម អាចនឹងទទួលជោគវាសនាដូចគ្នា ទៅនឹងលោក មូម៉ា ហ្គាដាហ្វ៊ីរបស់ប្រទេសលីប៊ី ដែលត្រូវបានផ្ដួលរំលំដោយពួកឧទ្ទាម និងត្រូវបានគេសម្លាប់យ៉ាងសាហាវ៕

Loading...