ព័ត៌មានអន្តរជាតិ

​លោកស្រី ជី​ណា ហា​ស្ពែ​ល ក្លាយជា​ស្ត្រីដំបូងបង្អស់ សម្រាប់តំណែងប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក​ CIA

អាមេរិក: ទីបំផុតព្រឹទ្ធសភា​អាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រកាសយល់ព្រមឲ្យលោកស្រី ជី​ណា ហា​ស្ពែ​ល ក្លាយជាស្ត្រីទី១ សម្រាប់តំណែងប្រធាន CIA ​ហើយ។​ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។

​លោកស្រី ​ហា​ស្ពែ​ល ត្រូវបានគេស្គាល់ថា ជា​អ្នកធ្វើការ​ជើងចាស់ម្នាក់របស់ CIA ​អស់​រយ:ពេល ៣៣ ឆ្នាំមកហើយ ​នៅឯ​ទីភ្នាក់ងារ​នេះ ដែល​បច្ចុប្បន្នលោកស្រី គឺជា​នាយក​ស្ដីទី​។​

ដោយលទ្ធផល​សរុប ៥១-៤៣ សំទ្បេង ​ដែល​ព្រឹទ្ធសមាជិក​បាន​បន្ត​បោះឆ្នោត​គាំទ្រ​ការតែងតាំង​លោកស្រី​ នៅក្នុងចំណោម​ព្រឹទ្ធសភា​ដែលមាន​សមាជិក​ចំនួន ១០០ នាក់ ​បានបង្ហាញថា សំឡេងគ្រាំទ្រនេះ ​​គឺ​គ្រប់គ្រាន់អាចបញ្ជាក់ពីតួនាទីរបស់លោកស្រី។​

សូមជំរាបថា ​លោកស្រី​ ហា​ស្ពែ​ល ត្រូវបាន​គាំទ្រ​ឲ្យធ្វើជា​ប្រធាន CIA ទោះបីជា​មានការ​ជំទាស់​យ៉ាងខ្លាំង ​ចំពោះ​សកម្មភាពលោក​ស្រី​ កន្លងមកទាក់ទងនឹង​ការប្រើប្រាស់​វិធីសាស្ត្រ​សួរចម្លើយ​ដ៏​សាហាវ​របស់ CIA រួម​ជាមួយការធ្វើទារុណកម្ម​​ស្រោច​ទឹក​លើ​មុខ​ ដោយ​ជនសង្ស័យ​ត្រូវបាន​ចង​ក្រណាត់​បិទមុខ​ជិត ​រួច​ស្រោច​ទឹក​ពីលើ​មុខ​មិនឲ្យ​ដកដង្ហើម ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ ក្រោយ​ការវាយប្រហារកាលពី​ថ្ងៃទី១១ កញ្ញា​កន្លងទៅក៏ដោយ៕

មតិយោបល់