ព័ត៌មានអន្តរជាតិ

ហ្វីលីពីន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែកចិន នៅក្នុងសមុទ្រចិនខាងត្បូង

ហ្វីលីពីន: អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Rodrigo Duterte បាននិយាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានយន្តហោះទម្លាក់គ្រាប់បែក ដែលជាយុទ្ធសាស្ត្ររបស់ចិន ក្នុងដែនទឹកកំពុងមានជម្លោះ នៅសមុទ្រចិនខាងត្បូង ដោយបញ្ហាមួយនេះ ក្រសួងការបរទេសពួកគេ បានចាត់វិធានការការទូតដ៏សមស្របផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

កងកម្លាំងអាកាសរបស់ចិន បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកខ្លួន ប្រភេទ H-6K បានចុះចត និងហោះចេញពីកោះ និងតំបន់ថ្មប៉ប្រះទឹកជាច្រើន នៅសមុទ្រចិនខាងត្បូង ដែលវាជាផ្នែកមួយនៃសមយុទ្ធហ្វឹកហ្វឺន កាលពីសប្តាហ៍មុន។

ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យមានប្រតិកម្មខឹងសម្បារ ពីតំណាងរាស្ត្រគណបក្សប្រឆាំង នៅទីក្រុងម៉ានីល ខណ:ដែលអាមេរិក ក៏បានបញ្ជូននាវាពួកគេ ទៅតំបន់ជម្លោះនោះផងដែរ។

ដោយទ្បែកអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បាននិយាយថា «វត្តមាន H-6K បានបង្ហាញពីក្តីបារម្ភដ៏ធ្ងន់ធ្ងររបស់ហ្វីលីពីន ទៅលើផលប៉ះពាល់របស់វា ចំពោះកិច្ចប្រឹងប្រែង ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»៕

មតិយោបល់