ព័ត៌មានអន្តរជាតិ

លោក ត្រាំ មានបំណងដកខ្លួនចេញពីកិច្ចប្រជុំកំពូល ជាមួយកូរ៉េខាងជើងនាពេលខាងមុខ

អាមេរិក: អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន បាននិយាយថា ប្រធានាធិបតី ត្រាំ មានបំណងដកខ្លួនចេញពីកិច្ចប្រជុំកំពូល មិនធ្លាប់មានពីមុនមក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើទ្បើងនាខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ដោយលោក ផេន បានប្រាប់ភ្នាក់ងារ Fox News ថា កូរ៉េខាងជើង មិនគួរព្យាយាមស្វែងរកការសម្បទានពីអាមេរិក មុនកិច្ចជំនួបកំពូល ដើម្បីជាការសន្យា ខណ:ដែលពួកគេ មិនមានបំណងចង់រក្សាវាទាល់តែសោះ។

ក្នុងនោះលោក ផេន បានបន្ថែមថា «វានឹងជាកំហុសដ៏ធំមួយ សម្រាប់លោក គីម ដែលគិតថា ខ្លួនអាចលេងល្បែងនេះ ជាមួយលោក ត្រាំ នោះ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ធ្លាប់បានព្រមានពីមុនហើយថា ជំនួបកំពូលនេះ ប្រហែលជាមិនកើតឡើងទ្បើយ ឬលោកអាចដើរចេញពីវា ប្រសិនបើមើលទៅហាក់ដូចជាមិនអាចទៅរួចនោះ៕

មតិយោបល់