ព័ត៌មានអន្តរជាតិ

UN ដកបម្រាមហាមធ្វើដំណើរសម្រាប់កូរ៉េខាងជើង ដើម្បីដំណើរការកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក គីម នៅសិង្ហបុរី

UN: គណ:កម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានយល់ព្រមលុបចោលបម្រាមហាមឃាត់ការធ្វើដំណើររបស់មន្រ្តីកូរ៉េខាងជើង ទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីដំណើរការកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានគ្រោងទុកនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

កាលពីសប្តាហ៍មុនប្រទេសសឹង្ហបុរី បានស្នើសុំឲ្យគណ:កម្មាធិការ UN ផ្តល់ការលើកលែងបម្រាម ចំពោះគណ:ប្រតិភូកូរ៉េខាងជើង ដើម្បីឲ្យពួកគេអាចចូលរួម នៅក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី ១២ ខែមិថុនាខាងមុខ ក៏ដូចជាការរៀបចំសម្រាប់ជំនួបនេះផងដែរ។

លោក Burhan Gafoor ឯកអគ្គរដ្ឋទូតរបស់អង្គការសហប្រជាជាតិប្រចាំ នៅគណ:កម្មាធិការនេះ បានសរសេរថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយទៅជាឱកាសមួយ ក្នុងការលើកកម្ពស់ដំណោះស្រាយ ដោយសន្តិវិធីទៅលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបង្កើតសន្តិភាព ក៏ដូចជាស្ថិរភាពលើឧបទ្វីបកូរ៉េ និងក្នុងតំបន់។

យ៉ាងណាមិញនៅក្នុងលិខិតនេះ មិនបានបញ្ជាក់ពីចំនួននៃគណ:ប្រតិភូទីក្រុងព្យុងយ៉ាង ដែលនឹងត្រូវចូលរួម សម្រាប់កិច្ចប្រជុំកំពូលនេះទេ។

សូមជំរាបថា បញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ គឺមានបុគ្គលចំនួន ៨០ នាក់ និងអង្គភាពចំនួន ៧៥ របស់កូរ៉េខាងជើង ត្រូវហាមឃាត់ការធ្វើដំណើរជាសកល និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ៕

មតិយោបល់