ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ស្នើឲ្យអន្តរជាតិស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស របស់អាមេរិក

អ៊ីរ៉ង់: ប្រមុខមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Seyyed Ali Khamenei បានស្នើឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សជាច្រើន ដែលកំពុងបន្តកើតមាន ពីសំណាក់រដ្ឋាភិបាលអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

សំណើរបស់លោក Khamenei បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់ កាលពីថ្ងៃទី២៤ ខែឧសភា ជាមួយមន្រ្តីអ៊ីរ៉ង់ ដែលក្នុងនោះលោក បានកត់សម្គាល់ថា អង្គការសហប្រជាជាតិ ត្រូវបញ្ឈប់ ក៏ដូចជាតាមដានលើការរំលោភបំពានសិទ្ធិមនុស្ស និងអំពើឃោរឃៅផ្សេងៗទៀត ដែលបានអនុវត្តកន្លងមករបស់អាមេរិក។

ជាក់ស្ដែងលោក បានលើកទ្បើងថា រយ:ពេលកន្លងមកនេះ UN ក៏ធ្លាប់បានថ្កោលទោសចំពោះឧក្រិដ្ឋកម្មនៅអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងប្រជាជនយេម៉ែនផងដែរ ដែលវាបានកើតទ្បើង ដោយសារស្ថិតក្រោមសម្ពាធរបស់អាមេរិក។

ក្នុងនោះលោកបានរៀបរាប់អំពីឧប្បត្តិហេតុជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការមិនគោរពសិទ្ធិមនុស្ស របស់ភ្នាក់ងារសហព័ន្ធនៅក្នុងរដ្ឋាភិបាលអាមេរិក រួមទាំងការឃុំឃាំង ក៏ដូចជាការធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើជនជាប់ឃុំនៅមជ្ឈមណ្ឌលឃុំឃាំង Guantanamo និងពន្ធនាគារ Abu Ghraib របស់អ៊ីរ៉ាក់ ព្រមទាំងពន្ធនាគារអាមេរិក នៅអាហ្គានីស្ថានជាដើមផងដែរ៕

មតិយោបល់