ព័ត៌មានអន្តរជាតិ

ក្មេង​បាល់ទាត់​ថៃ​ និង​គ្រូ​របស់គេទាំង ១៣នាក់ ត្រូវបាន​រកឃើញហើយ តែ​មិនទាន់​អាចចេញរួចពីរូងភ្នំទេ ដោយពួកគេមានស្ថានភាពយ៉ាប់យ៉ឺនជាខ្លាំង​

ថៃ: អភិបាលខេត្តឈៀងរ៉ៃ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមកីទ្បាបាល់ទាត់វ័យក្មេង១២នាក់ និងជំនួយការគ្រូបង្វឹកម្នាក់របស់គេ ត្រូវបានអ្នកជួយសង្រ្គោះរកឃើញថា នៅមានជីវិតក្នុងល្អាងភ្នំមួយ បន្ទាប់ពីបានបាត់ខ្លួនអស់៩ថ្ងៃ តែនៅមិនទាន់អាចចេញមកក្រៅវិញ បានភ្លាមៗនោះទេ ដោយសារតែរូងភ្នំ ត្រូវទឹកជន់លិច ទាល់តែអ្នកជំនាញមុជទឹកទើបចូល
និងចេញកើត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។

មកទល់ពេលនេះ ក្រុម​អ្នកជួយសង្គ្រោះ កំពុងស្វែងរកទីតាំងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ សម្រាប់ជនរងគ្រោះស្នាក់នៅជាបណ្តោះ​អាសន្ន។

ពាក់ព័ន្ធនឹងដំណឹងរកឃើញនេះ ក្រុមជួយសង្គ្រោះថៃ និងក្រុមគ្រួសារជន​រងគ្រោះ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល​ រួមទាំងប្រជាពលរដ្ឋថៃ​ទាំងអស់ ដែលនៅទីតាំងនោះ​ បានធ្វើការចែកចាយព័ត៌មាន​ ដើម្បីជូនដំណឹងដ៏រីករាយនេះ ទៅកាន់សាធារណ:ជនទូទៅឲ្យបានជ្រាបផងដែរ។

គួររំឭកថា ក្មេងៗទាំងនោះ មានអាយុចន្លោះពី១១ ដល់១៦ឆ្នាំ បានបាត់ខ្លួនជាមួយគ្រូបង្វឹកអាយុ២៥ឆ្នាំម្នាក់ កាលពីថ្ងៃ២៣មិថុនា ក្រោយពីពួកគេបានចូលទៅស្រាវជ្រាវលេងក្នុងល្អាងភ្នំថាំលួង ក្នុងឧទ្យានព្រៃភ្នំមួយ ជាប់ព្រំដែនមីយ៉ាន់ម៉ា។

សូមជំរាបថា កិច្ចខិតខំដ៏ធំជាអន្តរជាតិ ដែលមានចូលរួមពីអ្នកជំនាញ៧ប្រទេស ត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះ ដោយក្រុមជួយសង្រ្គោះតស៊ូដើរកាត់ទឹកភក់ និងមុជទឹកដ៏គ្រោះថ្នាក់ទាំងប្រថុយ ទម្រាំរកឃើញជនរងគ្រោះ នៅក្នុងបណ្តាញរូងភ្នំ ដែលលាតសន្ធឹងដល់ទៅ១០គីឡូម៉ែត្រឯណ្ណោះ៕

មតិយោបល់