ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់កើនឡើងរហូតដល់ ១២២នាក់ហើយ ដោយគ្រោះទឹកជំនន់ វាយប្រហារនៅជប៉ុន ខណៈបាត់ខ្លួនរាប់សិបនាក់

ជប៉ុន: ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបង្កជាទឹកជំនន់ និងការបាក់ដី នៅតំបន់មួយចំនួន នៅក្នុងប្រទេសជប៉ុន រហូតដល់ថ្ងៃអង្គារ៍នេះ បានបណ្ដាលឲ្យមនស្សស្លាប់កើនទ្បើងដល់ ១២២ នាក់ហើយ ខណ:ក្តីសង្ឃឹមដើម្បីជួយសង្គ្រោះអ្នករស់រានមានជីវិត បន្ទាប់ពីការបាត់ខ្លួន ដោយសារគ្រោះមហន្តរាយនេះ អាចត្រូវបានរកឃើញបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តប្រតិបត្តិរបស់ពួកគេ ទៅកាន់តំបន់រងផលប៉ះពាល់ ដែលអាជ្ញាធរព្រួយបារម្ភថា សាកសពមនុស្សជាច្រើន អាចនឹងត្រូវជាប់នៅក្រោមកម្ទេចកម្ទីនៅទីនោះ បន្ទាប់ពីមនុស្សរាប់សិបនាក់ នៅតែបន្តបាត់ខ្លួននៅឡើយ កាលពីថ្ងៃច័ន្ទ។

ជាមួយនឹងតួលេខកើនឡើងនៃអ្នកស្លាប់បាត់បង់ជីវិតនេះ នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ក៏បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចំនួន ៤ផងដែរ ដោយលោក ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅមើលតំបន់រងគ្រោះ ដោយសារទឹកជំនន់នៅសប្តាហ៍នេះ។

សូមជំរាបថា បុគ្គលិកសង្គ្រោះបន្ទាន់ជាង ៧០,០០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់ និងការបាក់ដី នៅភាគកណ្តាល និងភាគខាងលិចប្រទេសជប៉ុន៕

មតិយោបល់