ព័ត៌មានអន្តរជាតិ

ប្រតិបត្តិដ៏គ្រោះថ្នាក់ក្នុងរូងភ្នំថៃ ទទួលបានជោគជ័យទាំងស្រុង ខណៈមនុស្សមិនច្រើនទេ គិតថាមិនអាចទៅរួចនោះ

ថៃ: ការទះដៃអបអរសាទរ បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះ ដ៏តឹងតែងមួយ របស់ពិភពលោក ក្នុងការជម្លៀសក្មេងៗ ដែលជាប់ក្នុងរូងភ្នំអស់រយ:ពេលជាច្រើនថ្ងៃ បានទទួលជោគជ័យ និងប្រកដដោយសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោក Narongsak Osottanakorn ប្រធានបេសកកម្មជួយសង្រ្គោះ ក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ នៅឯបរិវេណរូងភ្នំថាមហួង ដែលត្រូវបានជន់លិចបិទច្រកចេញ នៅភាគខាងជើងប្រទេសថៃបានប្រកាសថា «យើងបានធ្វើអ្វី ដែលអ្នកដទៃគិតថា មិនអាចទៅរួចជាលើកដំបូង នៅក្នុងពិភពលោកនោះ បានសម្រចហើយ»។

ដោយលោកបានបន្ថែមថា « នេះគឺជាមោទនភាពរបស់យើង ដែលបេសកកម្មជួយសង្គ្រោះក្មេងៗទាំងនោះ អាចធ្វើទៅបាន សម្រាប់ប្រទេសយើង»។

ក្នុងនោះលោកបានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាប្រវត្តិសាស្ត្រមួយ ដែលមិនមានមនុស្សច្រើនទេ បានគិតថាវានឹងត្រូវបញ្ចប់នៅពេលណានោះ បន្ទាប់ពីពិភពលោក បានរកឃើញមនុស្សទាំង ១៣ នាក់ ដែលនៅរស់រានមានជីវិត ហើយត្រូវបានជាប់នៅបណ្តាញផ្លូវទឹក ក្នុងរូងភ្នំដ៏ជ្រៅ៕

មតិយោបល់