ព័ត៌មានអន្តរជាតិ

លោក ត្រាំ មកដល់អង់គ្លេស ចំពេលមានការតវ៉ា និងភាពច្របូកច្របល់នៃដំណើរការ Brexit

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងទ្បុងដ៍ហើយ សម្រាប់ដំណើរទស្សនកិច្ច រយ:ពេល ៤ថ្ងៃ ក្នុងគ្រាដែលមានភាពចលាចលនយោបាយ នៅចក្រភពអង់គ្លេស និងការតវ៉ាប្រឆាំងនឹងរូបលោក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីការចុះចត នៅឯអាកាសយានដ្ឋាន Stanstead ក្នុងទីក្រុងឡុងដ៍ លោក ត្រាំ និងភរិយា ដែលជាជំទាវទី១របស់អាមេរិក លោកស្រី មេទ្បានី បានធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិកក្នុងតំបន់។

ដោយអ្នកទាំងពីរ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ខណ:ដែលក្រុមប៉ូលិស មានការព្រួយបារម្ភអំពីការធ្វើដំណើរតាមផ្លូវរបស់លោក ត្រាំ ដែលអាចត្រូវបានរារាំង ដោយសារតែហានិភ័យ នៃការធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងមេដឹកនាំអាមេរិករូបនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Neave Barker អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ពីទីក្រុងឡុងឲ្យដឹងថា ការប្រុងប្រយ័ត្នផ្នែកសន្តិសុខដ៏ធំ ត្រូវបានគេធ្វើឡើង ដើម្បីរក្សាក្រុមអ្នកតវ៉ា ឲ្យស្ថិតនៅឆ្ងាយពីប្រធានាធិបតីអាមេរិកផងដែរ៕

មតិយោបល់