ទ្បាវ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សរាប់រយនាក់បានបាត់ខ្លួន ហើយរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញ បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីមួយ នៅភាគខាងត្បូងឡាវ ដែលបង្កឲ្យមានទឹកជំនន់នៅតាមភូមិចំនួន ៦ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy បានបាក់រលំកាលពីវេលាម៉ោង ៨យប់ថ្ងៃច័ន្ទ បានបញ្ចេញទឹកជន់ជោរ ប្រមាណជា ៥ពាន់លានម៉ែត្រគូប ទៅក្នុងសង្កាត់ San Sai របស់ខេត្ត Attapeu ដោយភ្លាមៗផងដែរ អាជ្ញាធរបានប្រតិបត្តិការបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញ ខណ:ដែលមានការភ័យខ្លាច និងមិនទាន់ដឹងទេថា តួលេខអ្នកស្លាប់មានប៉ុន្មានអ្នកនោះ។
មកទល់ពេលនេះ អាជ្ញាធរខេត្ត បានចេញការអំពាវនាវសុំជំនួយគ្រាអាសន្ន រួមមានសម្លៀកបំពាក់ ស្បៀង ទឹក ថ្នាំពេទ្យ លុយ និងវត្ថុចាំបាច់ផ្សេងទៀត មកពីបក្ស រដ្ឋាភិបាល សហគមន៍ធុរកិច្ច មន្រ្តី ប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ រួមទាំងប្រជាជនទូទៅ។
សូមជំរាបថា ឡាវជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ី ដោយប្រទេសមួយនេះ បានផ្លាស់ប្តូរពីរបបកុំម្មុយនីស្ត មកជាសេដ្ឋកិច្ចទីផ្សារ តែនៅតែគ្រប់គ្រងដោយបក្សតែមួយ ហើយសេរីភាពមានកំណត់ គឺពុំមានសេរីភាពសារព័ត៌មានពិតប្រាកដនោះទេ ខណ:អ្នកយកព័ត៌មានបរទេស ត្រូវធ្វើការនៅក្រោមការបន្ដឹងបំផុត៕
មតិយោបល់