ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាបញ្ជូនបុគ្គលិកយោធា ទៅកាន់កូរ៉េខាងជើង ដើម្បីស្វែងរកសាកសពទាហានខ្លួន បន្ថែមទៀត

អាមេរិក: រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសលោក កំពុងពិចារណាបញ្ជូនបុគ្គលិកយោធាខ្លួន ទៅកាន់កូរ៉េខាងជើង ដើម្បីស្វែងរកសាកសពទាហានអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមកាលពីឆ្នាំ ១៩៥០-១៩៥៣។ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក Mattis យ៉ាងដូច្នោះ បានកើតទ្បើងបន្ទាប់មានសំណួរវាយប្រហារមកលើរូបលោក អំពីថាតើរដ្ឋាភិបាលអាចមានលទ្ធភាព បញ្ជូនបុគ្គលិកយោធា ដើម្បីធ្វើបេសកកម្មស្វែងរកសពទាហានអាមេរិកបន្ថែម នៅក្នុងកូរ៉េខាងជើងឬទេ។

ដោយលោកបានមានប្រសាសន៍ថា ពិតណាស់រដ្ឋាភិបាល កំពុងពិចារណាទៅលើរឿងមួយនេះ ដែលវាជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី កាលពីខែមុន។

កាលពីថ្ងៃព្រហស្បតិ៍សេតវិមាន បាននិយាយថា យន្តហោះយោធាដឹកសពទាហានអាមេរិកនៅសល់ បានចាកចេញពីកូរ៉េខាងជើង ទៅកាន់មូលដ្ឋានកងទ័ពអាកាសអាមេរិក នៅកូរ៉េខាងត្បូង ជាកន្លែងធ្វើមាតុភូមិនិវត្តន៍ជាផ្លូវការមួយ ដែលនឹងរៀបចំពិធីនៅថ្ងៃទី ១ ខែសីហាខាងមុខ៕

មតិយោបល់