ព័ត៌មានអន្តរជាតិ

តួកគី បើកប្រតិបត្តិការយោធាថ្មី ដើម្បីវាយលុកនៅស៊ីរី

តួកគី: ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលោកបានឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំប្រតិបត្តិការយោធាថ្មីរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

ដោយលោក Erdogan បាននិយាយថា «យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំដើម្បីបង្កើនចំនួនតំបន់ ដែលមានស្ថេរភាពនៅស៊ីរី តាមរយ:ប្រតិបត្ដិការ Euphrates Shield និង Olive Branch ប្រឆាំងនឹងពួកឧទ្ទាម។ ក្នុងនោះលោក បានអះអាងបន្ថែមថា ជាមួយជំនួយពីព្រះជាម្ចាស់ យោធាតួកគី នឹងអាចរំដោះតំបន់ថ្មីៗជាច្រើនទៀត នៅពេលអនាគត ដែលនាំមកនូវសន្ដិភាពនៅទីនោះ»។

លើសពីនេះទៀត មេដឹកនាំរូបនេះ បានកត់សម្គាល់ថា មនុស្ស ២៥០.០០០ នាក់ បានវិលត្រឡប់ទៅកាន់កន្លែងរស់នៅរបស់ពួកគេវិញ បន្ទាប់ពីយោធាតួកគី បានប្រតិបត្តិការកាន់កាប់នៅទីនោះ។

សូមជំរាបថា កងទ័ពតួកគី បានសហការជាមួយក្រុមប្រឆាំងស៊ីរី ដែលស្មោះត្រង់និងក្រុងអង់ការ៉ា បានចូលរួមក្នុងប្រតិបត្តិការយោធាមួយចំនួន នៅក្នុងប្រទេសស៊ីរី ដែលភាគច្រើនគឺជាប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃើដ៕

មតិយោបល់