ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សជាង ៣០នាក់ ក្នុងសោកនាដកម្មបាក់ស្ពាន នៅអ៊ីតាលី

អ៊ីតាលី: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតនៅពេល ដែលស្ពានផ្លូវហាយវ៉េមួយ បានបាក់រលំ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Genoa របស់ប្រទេសអ៊ីតាលី ខណ:រដ្ឋាភិបាលហៅករណីនេះថា ជាសោកនាដកម្មដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

ស្ពាននេះ បានបាក់រលំចំពេលកំពុងធ្វើការជួសជុល ហើយតំបន់ទីនោះ ក៏កំពុងទទួលរងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Matteo Salvini បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជាអកុសលមានមនុស្សប្រមាណជាង ៣០ នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណ:ដែលរថយន្ដជាច្រើនគ្រឿង កំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង ខណ:ដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ តាមគំនរបាក់បែក៕

មតិយោបល់