ព័ត៌មានអន្តរជាតិ

លោក ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបមេដឹកនាំកូរ៉េខាងជើងលោក គីម មុនថ្ងៃកំណត់

កូរ៉េ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មុនថ្ងៃកំណត់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

កាលពីខែមិថុនា លោក ពូទីន បានអញ្ជើញលោក គីម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ទៅវេទិកាសេដ្ឋកិច្ចមួយ ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក នាខែក្រោយ ខណ:ដែលគេមិនទាន់ដឹងទេថា តើមេដឹកនាំកូរ៉េខាងជើង ឆ្លើយតបនឹងការអញ្ជើញនោះយ៉ាងណា។

នៅក្នុងសារមួយ ដែលបានផ្ញើទៅកាន់លោក គីម នៅថ្ងៃបុណ្យរំដោះជាតិកូរ៉េខាងជើង ដែលបានបញ្ចប់ការគ្រប់គ្រងរបស់ជប៉ុន លើប្រទេសកូរ៉េ នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ លោក ពូទីន បានបញ្ជាក់ជាថ្មីនូវចេតនារបស់លោក សម្រាប់កិច្ចប្រជុំកំពូលមួយ ជាមួយក្រុងព្យុងយ៉ាង។

ដោយលោក ពូទីន បាននិយាយនៅក្នុងសារមួយ ដែលបានចេញផ្សាយដោយភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើងថា លោកបានត្រៀមខ្លួនរួចរាល់ ក្នុងការជួបជាមួយលោក គីម នៅមុនថ្ងៃកំណត់ ដើម្បីពិភាក្សាអំពីបញ្ហាបន្ទាន់ ជុំវិញទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាសំខាន់ៗ នៅក្នុងតំបន់ផងដែរ។

យ៉ាងមិញតាមរយ:សាររបស់លោក ពូទីន មិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់កិច្ចប្រជុំមួយនេះនៅទ្បើយទេ៕

មតិយោបល់