ព័ត៌មានអន្តរជាតិ

លោក Duterte ប្រាប់ឲ្យចិនពិចារណាទ្បើង ជុំវិញសកម្មភាពខុសឆ្គង នៅដែនទឹកកំពុងមានជម្លោះ

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយនៅក្នុងការចោទប្រកាន់ដ៏កម្រមួយ ចំពោះទីក្រុងប៉េកាំង ខណ:លោកចង់ឲ្យចិន ពិចារណាឡើងវិញ អំពីការប្រព្រឹត្ដរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង ដោយលោកលើកទ្បើងថា ចិនពុំមានសិទ្ធិបង្ខំឲ្យយន្តហោះ និងទូកបរទេស ចាកចេញពីដែនទឹក កំពុងមានជម្លោះនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

លោក Duterte បាននិយាយថា លោកសង្ឃឹមថា ប្រទេសចិននឹងសម្រួលឥរិយាបថរបស់ខ្លួន ហើយបញ្ឈប់ការរឹតត្បិត ចំពោះដំណើរឆ្លងកាត់ទៅទីនោះ ដែលអាចនាំឲ្យមានការប្រឈមមុខដាក់គ្នា ជាមួយបណ្ដាលប្រទេសជាសម្ព័ន្ធមិត្តនៃសន្ធិសញ្ញាអាមេរិក។
ក្នុងនោះលោក បានបន្ថែមថា ប្រទេសហ្វីលីពីន បានខិតទៅជិតបំផុត នៃការប្រឈមមុខនឹងគ្រោះថ្នាក់មួយនេះ។

សូមជំរា​បថា ប្រទេសចិន កោះតៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេជាដើម កំពុងមានវិវាទលើប្រជុំកោះ Spratly ដែលប្រទេសចិន បានបង្វែរតំបន់ថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះ ក្លាយទៅជាកោះសិប្បនិម្មិត ដែលទំនងជាទីតាំងដំឡើងប៉ុស្ដិ៍យោធា ហើយបានបញ្ជាឲ្យនាវាបរទេសចាកចេញពីទីនោះផងដែរ។

លោក Duterte បានថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារថា៖ «ក្រុងប៉េកាំង ត្រូវតែគិតឡើងវិញចំពោះសកម្មភាពមួយនេះ ពីព្រោះវានឹងក្លាយជាបញ្ហាមួយ នៅថ្ងៃណាមួយ»៕

មតិយោបល់