ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកចិន ទំនងជាត្រូវហ្វឹកហាត់ សម្រាប់ការវាយប្រហារដែនអាកាស ដើម្បីប្រឆាំងអាមេរិក

អាមេរិក: តាមរបាយការណ៍របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចិន ទំនងជាហ្វឹកហ្វឺន សម្រាប់ការវាយប្រហារដែនអាកាស ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងគោលដៅសម្ព័ន្ធមិត្ត នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

របាយការណ៍ប្រចាំឆ្នាំទៅកាន់សភា ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការរីកចម្រើនផ្នែកយោធា ការទូត រួមទាំងគោលដៅរបស់ទីក្រុងប៉េកាំង ក្នុងការទាញយកផលប្រយោជន៍ ដើម្បីបង្កើតការត្រួតត្រាតំបន់ និងការបោះជំហានអន្តរជាតិរបស់ខ្លួន។

ខណ:អំណាចដែនអាកាសរបស់ចិន ត្រូវបានរបាយការណ៍បញ្ជាក់ថា ក្រុងប៉េកាំងកំពុងអភិវឌ្ឍសមត្ថភាពយន្តហោះទម្លាក់គ្រាប់បែករបស់ពួកគេ ដើម្បីវាយប្រហារគោលដៅឆ្ងាយពីប្រទេសចិន តាមដែលអាចធ្វើទៅបាន។

ឯកសារនោះបានកត់សម្គាល់បន្ថែមទៀតថា តើប្រទេសចិន កំពុងជំរុញអ្វីខ្លះ ក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិន (PLA) បានពង្រីកតំបន់ប្រតិបត្តិការហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែនទឹកសំខាន់ៗ ហើយក៏ប្រហែលជានឹងធ្វើការហ្វឹកហ្វឺន សម្រាប់ការវាយប្រហារដែនអាកាស ដើម្បីប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តផងដែរ៕

មតិយោបល់