ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងបង្ហាញយន្តហោះចម្បាំងថ្មី រួមទាំងការអភិវឌ្ឍសមត្ថភាពមីស៊ីល នាពេលឆាប់ៗខាងមុខ

អ៊ីរ៉ង់: ទីភ្នាក់ងារសារព័ត៌មាន Fars ដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុងតេអេរ៉ង់ នឹងបង្ហាញយន្តហោះចម្បាំងថ្មីមួយ នៅសប្តាហ៍ក្រោយ ខណ:ដែលការអភិវឌ្ឍសមត្ថភាពមីស៊ីល នឹងនៅតែជាអាទិភាពចម្បងរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅទី១៩ ខែសីហា ឆ្នាំ២០១៨។

ដោយលោក Amir Hatami បានបញ្ជាក់ថា អ៊ីរ៉ង់ នឹងបង្ហាញយន្តហោះចម្បាំងមួយ នៅទិវាឧស្សាហកម្មការពារជាតិ ហើយមនុស្សនឹងបានឃើញវាហោះហើរ ជាមួយនិងឧបករណ៍ ដែលត្រូវបានរចនាឡើងសម្រាប់វា។

កាលពីថ្ងៃសុក្រ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីស្លាម បានរាយការណ៍ថា អ៊ីរ៉ង់ ក៏នឹងបង្ហាញប្រព័ន្ធមីស៊ីល S-300 សម្រាប់បាញ់ចេញពីទីតាំងដីទៅលើអាកាស ដែលត្រូវបានគេដាក់ឈ្មោះថា Bavar 373 នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩។ Bavar 373 នឹងចាប់ផ្តើមប្រតិបត្តិការ នាពេលឆាប់ៗខាងមុខនេះ ដោយគម្រោងនេះ ត្រូវបានរាយការណ៍ថា កំពុងដំណើរការឆ្ពោះទៅមុខ តាមការគ្រោងទុក នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Brigadier Mohammad Ahadi បាននិយាយមុននេះថា អំណាចយោធា និងសេដ្ឋកិច្ច គឺពិតជាមានសារ:សំខាន់ សម្រាប់សន្តិសុខជាតិក្នុងប្រទេស។

ខណ:រូបលោក បានសង្កត់ធ្ងន់ថា ការវិនិយោគរបស់ប្រទេស នៅក្នុងវិស័យការពារជាតិបច្ចុប្បន្ននេះ គឺនៅមានកម្រិតទាបបំផុត បើប្រៀបទៅនឹងបណ្ដាលប្រទេសជិតខាង តែយ៉ាងណាមិញ រដ្ឋាភិបាលនឹងនៅតែផ្តល់សន្តិសុខ បានយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់៕

មតិយោបល់