ព័ត៌មានអន្តរជាតិ

ជាថ្មីម្ដងទៀត! គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៩ រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូនេស៊ី សម្លាប់យ៉ាងតិច ១០នាក់

ឥណ្ឌូនេស៊ី: ករណីរញ្ជួយដីជាបន្តបន្ទាប់ ក្នុងនោះមានមួយខ្លាំងបំផុត កម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារជម្រៅរាក់ នៅកោះ Lombok នៃប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ ខណ:ដែលអ្នកផ្សេងទៀត នាំគ្នាភ័យរត់ស្លន់ស្លោ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដីនេះ បានកើតទ្បើងជាបន្តបន្ទាប់ ត្រូវបានកត់ត្រាដោយក្រុមអ្នកអង្កេតការណ៍ទីតាំងភូមិសាស្ត្រ នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដោយលើកដំបូងវាមានកម្រិត ៦,៣ រ៉ិចទ័រ បានបង្កឲ្យមានការរអិលបាក់ដី និងមនុស្សជាច្រើននាក់ ត្រូវបានគេជម្លៀសខ្លួនចេញ ទៅកាន់ទីតាំងសុវត្ថិភាព។

ដោយប្រហែលជាជិត ១២ម៉ោងក្រោយមកទៀត ស្រាប់តែមានការរញ្ជួយដីមួយទៀតកម្រិត ៦,៩ រ៉ិចទ័រ ហើយបន្ទាប់មកក៏មានការរញ្ជួយដីយ៉ាងតិចចំនួន ៥ ដងបន្ថែមទៀត នៅកោះ Lombok នេះបើយោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក។

កោះដ៏សែនស្អាតមួយនេះ កំពុងបន្តកើតគ្រោះមហន្តរាយជាថ្មីឡើងវិញ ក្រោយការរញ្ជួយដីពីរលើក កាលពីថ្ងៃទី ២៩ ខែកក្កដា និងថ្ងៃទី ៥ ខែសីហា បានសម្លាប់មនុស្សជិត ៥០០ នាក់ ខណ:មនុស្សរាប់រយពាន់នាក់ទៀត គ្មានទីជម្រក៕

មតិយោបល់