ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបញ្ជូនប្រព័ន្ធមីស៊ីល S-400 ទៅកាន់តួកគីនាពេលឆាប់ៗខាងមុខ

រុស្ស៊ី: រដ្ឋាភិបាលក្រុងម៉ូស្កូ នឹងចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៊ីល S-400 ទៅកាន់ប្រទេសតួកគី ក្នុងឆ្នាំ ២០១៩ ខាងមុខ ពោលគឺលឿនជាងសេចក្ដីប្រកាសកាលពីមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

ការផ្លាស់ប្តូរនេះ បានកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំងឡើង រវាងប្រទេសតួកគី និងសម្ព័ន្ធមិត្តណាតូ នៅភាគខាងលិច។

លោក Alexander Mikheyev ប្រធានគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន Rosoboronexport ដែលជាភ្នាក់ងារ​កណ្តាលផ្នែកលក់​អាវុធរបស់រុស្ស៊ី បាននិយាយថា កិច្ចសន្យាលើ S-400 ទៅកាន់ប្រទេសតួកគី កំពុងត្រូវបានប្រតិបត្តិតាមកាលកំណត់ ដែលបានព្រមព្រៀងគ្នា»។

ដោយទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់លោកបន្ថែមថា៖ «នៅឆ្នាំ ២០១៩ រុស្ស៊ី នឹងចាប់ផ្តើមបំពេញតាមកិច្ចសន្យាមួយនេះ»។

សូមជំរាបថា កាលពីឆ្នាំមុន នាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport រូបនេះ បាននិយាយថា ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលនេះ ទៅកាន់ប្រទេសតួកគី នឹងចាប់ផ្តើមនៅឆ្នាំ ២០២០៕

មតិយោបល់