ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងដ៏ខ្លាំងក្លា រួមជាមួយទឹកជំនន់ វាយប្រហារនៅភាគខាងលិចប្រទេសជប៉ុន

ជប៉ុន: ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានការបាក់ដី នៅភាគខាងលិចប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ ហើយកាន់តែបង្កើនហានិភ័យបន្ថែមទៀត នៅក្នុងតំបន់ដែលរងគ្រោះ បន្ទាប់ពីមនុស្សជាច្រើន បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ កាលពីខែកក្កដា ខណ:វាក៏បានជំរុញអាជ្ញាធរចេញលិខិតណែនាំ ដើម្បីជម្លៀសមនុស្សជាង ៦០,០០០ នាក់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

ចំណុចកណ្តាលនៃព្យុះទីហ្វុងឈ្មោះថា ស៊ីម៉ូរ៉ាន មានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីខាងត្បូងកោះស៊ីកូកូ ដែលជាកោះតូចបំផុត ក្នុងចំណោមកោះធំៗទាំង ៤ របស់ប្រទេសជប៉ុន ដោយបានធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសពាយព្យនៅវេលាម៉ោង ២ ទៀបភ្លឺ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ព្យុះនេះ ទំនងជានឹងត្រូវបានកាត់ផ្តាច់ នៅពេលឆ្លងកាត់តំបន់ភាគខាងលិចប្រទេសជប៉ុន នៅយប់ថ្ងៃព្រហស្បតិ៍នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយនៅឯកិច្ចប្រជុំក្នុងការិយាល័យកណ្តាល របស់រដ្ឋាភិបាលថា គ្រោះមហន្តរាយ នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕

មតិយោបល់