ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងរារាំងសំណើអាមេរិកនៅ UN ក្នុងការដាក់បញ្ជីខ្មៅនាវាខ្លួន ដែលបន្តផ្គត់ផ្គង់ប្រេងទៅកាន់កូរ៉េខាងជើង

UN: ឯកអគ្គរដ្ឋទូតរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងប្រឆាំងសំណើរបស់អាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ក្នុងការដាក់បញ្ចូលក្រុមហ៊ុនដឹកទំនិញរុស្ស៊ីពីរ និងនាវាដែលមានដោតទង់ជាតិរុស្ស៊ីចំនួន ៦ គ្រឿងក្នុងបញ្ជីខ្មៅ ជុំវិញការប្រឆាំងនឹងទណ្ឌកម្មរបស់ពួកគេ លើកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

អាមេរិកបានដាក់សំណើទៅគណ:កម្មាធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធជាលើកទី ៣ ក្នុងរយ:ពេលពីរខែ ដើម្បីឲ្យ UN ចាត់វិធានការ និងបង្កើនសម្ពាធលើប្រទេសកូរ៉េខាងជើង ដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។

សំណើនេះ ត្រូវបានដាក់ឲ្យដំណើរការមួយថ្ងៃ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាឯកតោភាគី ដល់ក្រុមហ៊ុនរុស្ស៊ីពីរ គឺក្រុមហ៊ុន Primorye Maritime Logistics និងក្រុមហ៊ុន Gudzon Shipping និងនាវាចំនួន ៦ គ្រឿង ដែលបន្តផ្គត់ផ្គង់ប្រេងទៅកាន់កូរ៉េខាងជើង ដោយចោទប្រកាន់ថា បានរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia បានប្រាប់ AFP ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺមិនស្របច្បាប់ ហើយថាភស្តុតាងដែលដាក់ដោយអាមេរិក ដើម្បីបង្ហាញពីហេតុផលប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី គឺមិនអាចជឿទុកចិត្តបានទ្បើយ។

ដោយលោក Nebenzia បាននិយាយថា សំណើអាមេរិក ទៅកាន់គណ:កម្មាធិការទណ្ឌកម្ម UN នោះ ពិតណាស់ថា រុស្ស៊ី នឹងធ្វើការជំទាស់វា។

យោងតាមអ្នកការទូតរបស់ UN បានឲ្យដឹងថា អាមេរិក កំពុងស្វែងរកការបង្កកទ្រព្យសម្បត្តិជាសកលលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរ៕

មតិយោបល់