ព័ត៌មានអន្តរជាតិ

លោក Pompeo នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ជាមួយអ្នកតំណាងពិសេសអាមេរិកថ្មីមួយរូប

អាមេរិក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងធ្វើទស្សនកិច្ចទៅកូរ៉េខាងជើងម្តងទៀត នាសប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលរបបមួយនេះ ឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយក៏នឹងយកអ្នកតំណាងពិសេសអាមេរិកថ្មី លោក Stephen Biegun ទៅជាមួយលោកផងដែរ ដើម្បីដោះស្រាយបញ្ហាភាពជាប់គាំងកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក Pompeo កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Co ជាមន្ត្រីគោលនយោបាយកិច្ចការបរទេស របស់គណបក្សសាធារណរដ្ឋ ក្នុងនាមជាបេសកជនពិសេសរបស់អាមេរិក ប្រចាំនៅកូរ៉េខាងជើង។

ដោយលោក Pompeo បានប្រាប់ពួកអ្នកយកព័ត៌មានថា « លោក Steve នឹងដឹកនាំគោលនយោបាយផ្ទាល់របស់អាមេរិក ឆ្ពោះទៅប្រទេសកូរ៉េខាងជើង រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវគោលដៅរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់បានយ៉ាងពេញលេញ បន្ទាប់មានការយល់ស្របពីសំណាក់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន» ។

ក្នុងនោះលោក Pompeo បាននិយាយថា លោក Steve និងលោក នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដើម្បីធ្វើឲ្យមានវឌ្ឍនភាពការទូតបន្ថែមទៀត ឆ្ពោះទៅរកគោលដៅរបស់អាមេរិក។

វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Pompeo ក្នុងឆ្នាំនេះ ក្នុងគោលបំណងដើម្បីឲ្យកូរ៉េខាងជើង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់អាមេរិក៕

មតិយោបល់