ព័ត៌មានអន្តរជាតិ

សង្រ្គាមវោហារសាស្ត្រ រវាងអាមេរិក និងរុស្ស៊ី ជុំវិញការលេចទ្បើងការវាយប្រហារនៅស៊ីរី

រុស្ស៊ី: រដ្ឋាភិបាលក្រុងម៉ូស្កូ បានដាក់ពង្រាយនាវាចម្បាំងរាប់សិបគ្រឿង ទៅសមុទ្រមេឌីទែរ៉ាណេ ដោយមានទាំងវត្តមានកងទ័ពជើងទឹក ដ៏ធំបំផុតរបស់ខ្លួន បានចូលមកកាន់ទឹកដីស៊ីរី ចាប់តាំងពីមានជម្លោះ ក្នុងប្រទេសមួយនេះ អំទ្បុងឆ្នាំ ២០១៥ ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៨។

ចលនានេះ បានកើតឡើងស្របពេលដែលសម្ព័ន្ធមិត្តរុស្ស៊ី គឺប្រធានាធិបតីស៊ីរីលោក Bashar al-Assad ត្រូវបានគេជឿថា កំពុងពិចារណាវាយប្រហារដ៏ធំមួយ ទៅលើតំបន់ដែលកាន់កាប់ ដោយពួកឧទ្ទាមចុងក្រោយ នៅភាគខាងជើងខេត្តអ៊ីដលីប។

ដោយពាក់ព័ន្ធនឹងបញ្ហានេះ រុស្ស៊ីបានចោទប្រកាន់អាមេរិកថា បានបង្កើតកងកម្លាំងខ្លួន នៅមជ្ឈឹមបូព៌ា ដើម្បីរៀបចម្ការវាយប្រហារដែនអាកាស ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា កាលពីថ្ងៃសៅរ៍ នាវាចម្បាំងដ៏ទំនើបរុស្ស៊ី Admiral Grigorovich និង Admiral Essen បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ។

ករណីនេះ កំពុងធ្វើឲ្យតួកគីមានការព្រួយបារម្ភ ដោយសារការវាយលុកនេះ ស្ថិតនៅជិតតំបន់ព្រំដែនខ្លួន ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ និងសន្តិសុខ៕

មតិយោបល់