ព័ត៌មានអន្តរជាតិ

មេដឹកនាំមហាអំណាច ព្រមានស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងចំពោះការបង្កសោកនាដកម្មនៅខេត្ត Idlib

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានព្រមានប្រឆាំងនឹងការចាប់ផ្តើម វាយប្រហាររបស់រដ្ឋាភិបាលស៊ីរី ទៅលើទីបញ្ជាការពួកឧទ្ទាមចុងក្រោយរបស់ប្រទេសនេះ ដោយមានជំនួយពីរុស្ស៊ី និងអ៊ីរ៉ង់ ជាមួយការលើកទ្បើងថា ការវាយលុកនេះ អាចបង្កឲ្យមានសោកនាដកម្មដល់មនុស្សជាតិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកត្រាំ បានសរសេរសារនៅលើបណ្ដេញសង្គមថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad មិនត្រូវធ្វើការវាយប្រហារនៅខេត្ត Idlib ទាំងគ្មានការប្រុងប្រយ័ត្ននោះទេ ខណ:លោកបានបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ នឹងធ្វើឲ្យមានកំហុសមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះការចូលរួមរបស់ពួកគេ ក្នុងសោកនាដកម្មមួយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសហប្រជាតិ និងក្រុមផ្ដល់ជំនួយ បានព្រមានថា ប្រតិបត្តិការវាយលុកពេញទាំងស្រុងនៅខេត្ត Idlib អាចបង្កឲ្យមានមហន្តរាយមនុស្សធម៌ ដែលមិនធ្លាប់មានក្នុងជម្លោះរយ:ពេល ៧ឆ្នាំរបស់ប្រទេសស៊ីរី។

កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងប្រមូលផ្ដុំគ្នានៅភាគពាយព្យខេត្ត Idlib ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម និងពួកសកម្មប្រយុទ្ធជ្រុលនិយម ហើយត្រូវបានគេចុះបញ្ជីថា ជាក្រុមភេរវករ ដោយមហាអំណាចពិភពលោក។

យ៉ាងណាមិញរុស្ស៊ី និងអ៊ីរ៉ង់ បានលើកទ្បើងថា ក្រុមជ្រុលនិយមនៅខេត្ត Idlib ត្រូវតែចាញ់ ខណ:ប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងគាំទ្រកងកម្លាំងរបបមួយនេះ ក្នុងការវាយប្រហារណាមួយ៕

មតិយោបល់