ព័ត៌មានអន្តរជាតិ

លោក​ ត្រាំ​ អះអាង​ថា នៅតែមានដង្ហើមនៃក្ដីសង្ឃឹម ចំពោះចរចា​នុយក្លេអ៊ែរ​ ជាមួយ​កូរ៉េខាងជើង​​

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្ដេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឲ្យសម្រេចបាន តាមកិច្ចព្រមព្រៀងរួមគ្នាមួយ ស្តីពីការលុបបំបាត់នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយបានបង្ហាញថា កិច្ចចរចារវាងប្រទេសទាំងពីរ បន្ទាប់ពីភាពជាប់គាំងរាប់សប្តាហ៍កន្លងមក នៅតែមានក្ដីសង្ឃឹម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធសង្គម Twitter ថា «លោក គីម ជុងអ៊ុន បានប្រកាសជំនឿឥតងាករេមកលើរដ្ឋបាលអាមេរិក នាពេលបច្ចុប្បន្ន។ ដោយលោក ត្រាំ បានថ្លែងអរគុណចំពោះលោកប្រធាន គីម ជាមួយការបញ្ជាក់ថា អាមេរិក និងកូរ៉េខាងជើង នឹងធ្វើការរួមគ្នា ដើម្បីឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។

សូមជំរាបថា ការបង្ហោះសារនេះ បានធ្វើឡើងបន្ទាប់ពីលោក គីម នៅតែបន្តការប្តេជ្ញាចិត្តរបស់លោក ចំពោះគោលបំណងនៃការលុបបំបាត់នុយក្លេអ៊ែរ នៅក្នុងកិច្ចចរចា ជាមួយបេសកជនពិសេសមកពីទីក្រុងសេអ៊ូល មុនកិច្ចប្រជុំកំពូលមួយ ដែលគ្រោងនឹងធ្វើនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ១៨-២០ ខែកញ្ញាខាងមុខ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន៕

មតិយោបល់