ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ីជាង ៣០ ម៉ឺននាក់ ចាប់ផ្ដើមធ្វើសមយុទ្ធដ៏ធំសម្បើមរបស់ខ្លួន

រុស្ស៊ី: រដ្ឋាភិបាលក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមធ្វើសមយុទ្ធ ដ៏ធំបំផុតរបស់ខ្លួន គិចចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ជាមួយវត្តមានកងទ័ពរាប់រយរាប់ពាន់នាក់ ក្នុងនោះក៏រាប់បញ្ចូលទាំងទាហានចិន ដែលបានចូលរួមជាលើកដំបូងសម្រាប់សមយុទ្ធ នៅតំបន់ស៊ីបេរីផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

សមយុទ្ធយោធាដ៏ធំមួយនេះ បានកើតមានឡើងចំពេលមានភាពតានតឹង រវាងលោកខាងលិច និងរុស្ស៊ីក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីសម័យសហភាពសូវៀតមក។ សមយុទ្ធនេះ ត្រូវបានថ្កោលទោសដោយណាតូថា ជាការហ្វឹកហ្វឺនកងកម្លាំង សម្រាប់ជម្លោះទ្រង់ទ្រាយធំមួយ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា សមយុទ្ធ Vostok-2018 នេះមានការចូលរួមពីទាហានរុស្ស៊ីជាង ៣០០,០០០ នាក់ រថក្រោះ ៣៦,០០០ គ្រឿង យន្តហោះចម្បាំង ១,០០០គ្រឿង និងនាវាចម្បាំង ៨០ គ្រឿង ព្រមទាំងមាននាវាជំនួយថែមទៀត។

តាមរយ:រូបភាពផ្សាយចេញគេឃើញមាន រថយន្តយោធាជាច្រើនគ្រឿង ត្រូវបានដឹកជញ្ជូនតាមរថភ្លើង ហើយរថក្រោះ រថពាសដែក នាវា និងឧទ្ធម្ភាគចក្រប្រយុទ្ធ រួមទាំងយន្តហោះចម្បាំង ក៏ត្រូវបានផ្លាស់ចេញពីគោលដៅផងដែរ៕

មតិយោបល់