ព័ត៌មានអន្តរជាតិ

មេដឹកនាំប៉ាឡេស្ទីន គ្រោងចាត់វិធានសងសឹកនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក

ប៉ាឡេស្ទីន: មេដឹកនាំប៉ាឡេស្ទីន កំពុងថ្លឹងថ្លែងវិធានការសងសឹក ប្រឆាំងនឹងការសម្រេចចិត្តរបស់អាមេរិក ក្នុងការបិទការិយាល័យទូតរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) នៅទីក្រុងវ៉ាស៊ីនតោន និងការបញ្ចប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ នៃប្រទេសទាំងពីរ។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០១៨។

លោកស្រី Hanan Ashrawi សមាជិកនៃគណ:កម្មាធិការប្រតិបត្តិរបស់ PLO បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងរ៉ាម៉ាឡា កាលពីថ្ងៃពុធថា «វិធានការមួយនេះ គឺស្ថិតក្នុងចំណោមជំហានដែលយើងកំពុងពិចារណា ក្រោយការសម្រេចចិត្តរបស់អាមេរិក ដោយនៅពេលនេះ យើងកំពុងគិតពីរឿងជាច្រើន ដែលអាចធ្វើទៅបាន»។

កាលពីថ្ងៃច័ន្ទរដ្ឋបាលរបស់លោក ត្រាំ បានប្រកាសថា នឹងបិទការិយាល័យ PLO របស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីបដិសេធការចូលក្នុងកិច្ចចរចា ជាមួយអាមេរិក និងអ៊ីស្រាអែល។

ការផ្លាស់ប្តូរនេះ គឺជាវិធានការចុងក្រោយបង្អស់ នៃវិធានការរបស់អាមេរិក ក្នុងការប្រឆាំងនឹងការដឹកនាំរបស់ប៉ាឡេស្ទីន ដែលបានកើតឡើងចំពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរ កាន់តែយ៉ាប់យឺនឡើង ក្រោយពីការទទួលស្គាល់ដ៏ចម្រូងចម្រាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីទីក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីឆ្នាំមុន៕

មតិយោបល់