Post News Media ព័ត៌មានអន្តរជាតិ ក្តីសង្ឃឹមកើន...

ក្តីសង្ឃឹមកើនឡើង ខណ:កូរ៉េទាំងពីរ បើកសម្ពោធស្ថានទូតរួមគ្នា នៅតំបន់ព្រំដែនរបស់កូរ៉េខាងជើង

កូរ៉េ:​ មន្ត្រីកូរ៉េខាងត្បូងម្នាក់ នៅថ្ងៃសុក្រនេះ បាននិយាយថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងបើកការិយាល័យទំនាក់ទំនងរួមមួយ នៅតំបន់ព្រំដែនយោធារបស់កូរ៉េខាងជើង ដែលកំពុងបង្ហាញឲ្យឃើញនូវក្ដីសង្ឃឹម ចំពោះការរីកចម្រើនក្នុងកិច្ចចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឯកិច្ចប្រជុំកំពូលមួយ នាសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ការិយាល័យទំនាក់ទំនងរួមគ្នានេះ ត្រូវបានគេមើលឃើញថា ជាការចាប់ផ្តើមនៃការបើកស្ថានទូតជាក់ស្តែងរបស់ពួកគេ ដែលជាជំហានមួយទៀត ឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតរវាងកូរ៉េទាំងពីរ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងធ្វើកិច្ចប្រជុំលើកទីបីរបស់ពួកគេ នៅទីក្រុងព្យុងយ៉ាងនាសប្តាហ៍ក្រោយ ស្របពេលដែលមានក្ដីរំពឹងថា ជំនួបពួកគេលើកនេះ នឹងអាចជួយដោះស្រាយភាពជាប់គាំងផ្នែកការទូត រវាងអាមេរិក និងកូរ៉េខាងជើង៕

Loading...