ព័ត៌មានអន្តរជាតិ

មនុស្ស ១.៧ លាននាក់ ត្រូវព្រមានឲ្យជម្លៀសខ្លួនចេញ ខណៈព្យុះ Florence វាយប្រហារនៅអាមេរិក បណ្ដាលឲ្យមនុស្សស្លាប់..

អាមេរិក: យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលព្យុះ Florence បានវាយប្រហារនៅឆ្នេរសមុទ្រខាងកើតរបស់អាមេរិក ដោយបណ្ដាលឲ្យផ្ទះចំនួន ៦០០,០០០ ខ្នងគ្មានភ្លើងប្រើប្រាស់ និងអគារជាច្រើនបានបាក់រលំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។

ស្ត្រីជាម្តាយម្នាក់ និងកូនម្នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលដើមឈើមួយដើម បានបាក់រលំនៅលើផ្ទះរបស់ពួកគេ ក្នុងទីក្រុង Wilmington របស់រដ្ឋ North Carolina ខណ:ឪពុកក្មេងរងរបួស ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មនុស្សរាប់សិបនាក់ ត្រូវបានគេជួយសង្គ្រោះពីសណ្ឋាគារ ដែលបានបាក់រលំ ខណ:ខ្យល់ព្យុះបានបក់រំលើងដើមឈើ និងភក់ល្បប់ពាសពេញតាមដងផ្លូវ។

តួលេខអ្នកស្លាប់ ៣នាក់ ត្រូវបានបញ្ជាក់ជាផ្លូវការ បន្ទាប់ពីក្រុមមន្ត្រី បាននិយាយថា មានមនុស្សស្លាប់ចំនួន ៤ នាក់ នៅក្នុងករណីមួយនេះ។

អភិបាលរដ្ឋ North Carolina លោក Roy Cooper បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃសុក្រថា តួលេខអ្នកស្លាប់អាចមានជាច្រើនជាងនេះបន្ថែមទៀត ដោយអាជ្ញាធរកំពុងធ្វើការស្វែងរក និងស៊ើបអង្កេត៕

មតិយោបល់