ព័ត៌មានអន្តរជាតិ

សង្គ្រាមពាណិជ្ជកម្មកាន់តែក្ដៅ! លោក ត្រាំ យកពន្ធលើទំនិញចិនចំនួន ២០០ ពាន់លានដុល្លារ រួចគំរាមកំហែងយកចំនួន ២៦៧ ពាន់លានដុល្លារបន្ថែមទៀត

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងដាក់ពន្ធចំនួន ១០ ភាគរយលើទំនិញនាំចូលរបស់ចិន ដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារ ដោយនឹងចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក ត្រាំ បានប្រកាសអំពីការដាក់ពន្ធជុំថ្មី និងបានព្រមានទៀតថា ប្រសិនបើប្រទេសចិន ចាត់វិធានការសងសឹកប្រឆាំងនឹងកសិករ ឬឧស្សាហកម្មអាមេរិក «លោកនឹងបន្តជំហានទី៣ ភ្លាមៗ ដែលជាការយកពន្ធលើទំនិញនាំចូល របស់ក្រុងប៉េកាំងបន្ថែម ជាមួយទឹកប្រាក់ប្រហែល ២៦៧ ពាន់លានដុល្លារ»។

ពន្ធឡើងថ្មីនេះ នឹងប៉ះពាល់លើមុខទំនិញជិត៦.០០០មុខ បន្ទាប់ពីមន្រ្តីអាមេរិកដកចេញទំនិញប្រមាណ៣០០មុខ ភាគច្រើនជារបស់ក្រុមហ៊ុនអាមេរិកវិនិយោគនៅចិន។ វារួមមាន នាឡិកាវៃឆ្លាត មួកទោចក្រយាន ប៊ិចហ្គេម កៅអីខ្ពស់ និងកៅអីក្មេងអង្គុយក្នុងរថយន្តជាដើុម។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូប បាននិយាយថា ការប្រមូលបញ្ជីទំនិញនាំចូល សម្រាប់ការដាក់ពន្ធ បានគ្រោងទុកជាយូរមកហើយ ដែលវានឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកញ្ញាខាងមុខ ប៉ុន្តែអត្រាភាគរយនៃការកំណត់ពន្ធនេះ នឹងកើនឡើងរហូតដល់ ២៥ ភាគរយនៅដំណាច់ឆ្នាំ ២០១៨ ដែលអាចឲ្យក្រុមហ៊ុនអាមេរិក កែសម្រួលខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។

រហូតមកដល់ពេលនេះ អាមេរិកបានដាក់ពន្ធលើផលិតផលរបស់ចិនចំនួន ៥០ ពាន់លានដុល្លារ ក្នុងគោលបំណងដាក់សម្ពាធលើប្រទេសចិន ឲ្យធ្វើការផ្លាស់ប្តូរទាំងស្រុងនូវពាណិជ្ជកម្មរបស់ពួកគេ នៅក្នុងអ្វីដែលអាមេរិក បានចោទប្រកាន់ថា ចិនបានលួចបច្ចេកវិទ្យារបស់ខ្លួន៕

មតិយោបល់