ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន បានមកដល់ទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក គីម

កូរ៉េ: មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលស្វាគមន៍លោក មូន ជែអ៊ីន នៅឯព្រលានយន្តហោះទីក្រុងព្យុងយ៉ាង នាថ្ងៃអង្គារនេះ សម្រាប់ការមកដល់របស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ពួកគេក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

តាមរយ:រូបភាពក្នុងទូរទស្សន៍ បានបង្ហាញឲ្យឃើញពីមេដឹកនាំទាំងពីរ ដែលមានអមដំណើរដោយភរិយារបស់ពួកគេ បានឱបក្រសោបគ្នា បន្ទាប់ពីលោក មូន បានដើរចុះពីលើយន្តហោះ ជាមួយការនិយាយគ្នាពីរបីនាទី មុនពេលពិធីស្វាគមន៍ និងការអបអរដោយការបាញ់កាំភ្លើង។

មនុស្សរាប់រយនាក់ ត្រូវបានគេឃើញតម្រង់ជួរនៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងព្យុងយ៉ាង ដែលជាកន្លែងលោក គីម ធ្លាប់បើកការបាញ់មីស៊ីល កាលពីឆ្នាំមុន ដោយពួកគេមានកាន់ទង់ជាតិកូរ៉េខាងជើង ជាមួយការបង្ហាញអំពីការបង្រួបបង្រួមនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់