ព័ត៌មានអន្តរជាតិ

ព្យុះមូសុងវាយប្រហារនៅហ្វីលីពីន មនុស្សស្លាប់កើនឡើងដល់ ២២ នាក់ បន្ទាប់ពីគ្រោះបាក់ដី

ហ្វីលីពីន: ក្រុមមន្រ្តីក្នុងប្រទេស បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះមូសុង បង្កជាគ្រោះបាក់ដី នៅភាគកណ្តាលប្រទេសហ្វីលីពីន បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២២ នាក់ហើយ ខណ:ដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្ត ស្វែងរកជនរងគ្រោះពីសោកនាដកម្ម នៅក្នុងប្រទេសចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្សរាប់សិបនាក់ នៅតែបន្តបាត់ខ្លួន បន្ទាប់ពីផ្នែកមួយនៃតំបន់ភ្នំដ៏ធំមួយ បានបាក់រលំកាលពីថ្ងៃព្រហស្បតិ៍ មកលើតំបន់ជនបទជាច្រើន ស្ថិតនៅក្បែរទីក្រុងណាហ្គា នៅលើកោះទេសចរណ៍មួយ ក្នុងខេត្តសេប៊ូ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានកើតឡើងនៅពេលដែលប្រទេសមួយនេះ នៅតែបន្តរងគ្រោះដោយសារព្យុះទីហ្វុង Mangkhut ដែលបានសម្លាប់មនុស្ស ៨៨ នាក់ ដោយភាគច្រើនជនរងគ្រោះស្លាប់ទាំងនោះ ដោយការរអិលបាក់ដីដ៏ធំ នៅភាគខាងជើងប្រទេស។

អ្នកនាំពាក្យការិយាល័យគ្រោះមហន្តរាយខេត្តលោក Julius Regner បានប្រាប់ភ្នាក់ងារ AFP ថា អ្នកជួយសង្គ្រោះនៅខេត្តសេប៊ូ បានទាញសាកសពមនុស្ស ២២ នាក់ចេញពីកម្ទេចថ្ម ក្នុងរយ:ពេល ២៤ ម៉ោងនៃគ្រោះមហន្តរាយចុងក្រោយ។

ដោយលោក Regner បាននិយាយថា ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងអ្នកឯកទេសប្រហែល ២០០ នាក់ បានប្រើប្រាស់ឧបករណ៍ធុនធ្ងន់ ដើម្បីស្វែងរកមនុស្សប្រហែល ៥០ នាក់ទៀត ដែលនៅតែបន្តបាត់ខ្លួនរកពុំទាន់ឃើញ៕

មតិយោបល់